The Khmer Daily Network Logo
National
20 May 2026 3:15 AM6 days agoLim_Rothanaksambath

ពង្រឹងការទុកដាក់សម្រាម លើកកម្ពស់បរិស្ថានចីរភាព រដ្ឋបាលរាជធានីភ្នំពេញ ជំរុញរៀបចំទិវាបរិស្ថានជាតិ និងពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)»

ពង្រឹងការទុកដាក់សម្រាម លើកកម្ពស់បរិស្ថានចីរភាព រដ្ឋបាលរាជធានីភ្នំពេញ ជំរុញរៀបចំទិវាបរិស្ថានជាតិ និងពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)»

សំណល់សូន្យ (Zero Waste)

ដើម្បីផ្សព្វផ្សាយឱ្យពលរដ្ឋចូលរួមធ្វើអនាម័យវេចខ្ចប់សម្រាមដាក់ក្នុងធុងសម្រាម និងដាំដើមឈើសំដៅលើកកម្ពស់ និងកិច្ចគាំពារបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី០៥ ខែមិថុនា ជាឱកាសរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថានសំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវដោយធ្វើការវេចខ្ចប់ និងញែកសម្រាម សំណល់រឹង ដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបានដោយឡែកពីសំណល់រឹងដែលត្រូវបោះចោល។


«សំណល់សូន្យ (Zero Waste)» ជាប្រធានបទដែលត្រូវលើកមកជជែកវែកញែកក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។


ដើម្បីជំរុញការយល់ដឹង ពង្រឹងការទុកដាក់សម្រាម និងលើកកម្ពស់បរិស្ថានចីរភាព រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចូលរួមអនុវត្តដូចខាងក្រោម៖


១. សូមធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជំរុញការចូលរួមក្នុងការធ្វើអនាម័យ ការដាំដើមឈើ និងការគ្រប់គ្រង ទុកដាក់ និងវេចខ្ចប់សំណល់រឹង សម្រាមក្នុងធុងសម្រាម ឬនៅតាមទីតាំងកំណត់ឱ្យបានត្រឹមត្រូវ ចៀសវាងការដុត ឬបោះចោលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបង្កការប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងគុណភាពបរិស្ថាន។


២. សូមចូលរួមធ្វើការផ្សព្វផ្សាយតាមរយៈសកម្មភាពអប់រំផ្សេងៗ មានជាអាទិ៍ ការនិពន្ធអត្ថបទ ការប្រកួតផ្ទាំងរូបភាពនៅតាមសាលារៀន ការដាំដើមឈើ ការកែច្នៃសំណល់នានា យុទ្ធនាការសម្អាត។ល។ និងចាត់ចែងធ្វើអនាម័យ ទាំងក្នុង និងក្រៅបរិវេណអង្គភាពរបស់ខ្លួនដោយត្រូវប្រមូលទុកដាក់សម្រាម សំណល់រឹងឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ 4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ) សំដៅធានាបានសង្គមបៃតង និងបរិស្ថានចីរភាព។


៣. សូមយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងសំណល់រឹង សម្រាម និងសំណល់រាវឱ្យបានត្រឹមត្រូវ ចូលរួមធ្វើអនាម័យ សន្សំសំចៃថាមពល និងការពារថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិតាមរមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន។


ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ជំរុញឱ្យគ្រប់បណ្តាប្រព័ន្ធផ្សព្វផ្សាយ ត្រូវចូលរួមផ្សព្វផ្សាយអំពីគុណតម្លៃបរិស្ថាន និងគោលនយោបាយសំខាន់ៗពាក់ព័ន្ធវិស័យបរិស្ថានដល់សាធារណជន ដើម្បីបង្កើនការយល់ដឹង និងបំផុសការចូលរួមរបស់សាធារណជនក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព៕
រដ្ឋបាលរាជធានីភ្នំពេញ៖«សំណល់សូន្យ (Zero Waste)»

រដ្ឋបាលរាជធានីភ្នំពេញ៖«សំណល់សូន្យ (Zero Waste)»

រដ្ឋបាលរាជធានីភ្នំពេញ៖«សំណល់សូន្យ (Zero Waste)»

រដ្ឋបាលរាជធានីភ្នំពេញ៖«សំណល់សូន្យ (Zero Waste)»