ភ្នំពេញ/ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៦ បានប្រកាសជាផ្លូវការនូវស្ថានភាពអាសន្នសុខភាពសាធារណៈដែលជាការព្រួយបារម្ភជាសាកល ចំពោះការផ្ទុះឡើងនៃវីរុសអេបូឡា (Ebola) នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា។ ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈទប់ស្កាត់ជាមុន។
ការផ្ទុះឡើងក្នុងតំបន់អាហ្វ្រិកនាពេលនេះ បង្កឡើងដោយវីរុសប្រភេទ ប៊ុនឌីប៊ូហ្គយ៉ូ (Bundibugyo virus) ដែលបានបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ៨០ នាក់ និងមានករណីសង្ស័យរាប់រយករណី។ អង្គការ WHO បានបញ្ជាក់ថា ស្ថានភាពនេះ "មិនធម្មតា" ឡើយ ដោយសារវីរុសប្រភេទប៊ុនឌីប៊ូហ្គយ៉ូនេះ មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជាក់លាក់នៅឡើយទេ ខុសពីប្រភេទហ្ស៊ែរ (Zaire strain) ដែលធ្លាប់ផ្ទុះឡើងកាលពីមុន។ បច្ចុប្បន្ន មានរបាយការណ៍ថា ជនជាតិអាមេរិកយ៉ាងហោចណាស់ ៦ នាក់បានប៉ះពាល់នឹងវីរុសនេះ ខណៈដែលករណីឆ្លងបានចាប់ផ្តើមរីករាលដាលដល់ទីក្រុងធំៗ និងឆ្លងកាត់ព្រំដែនប្រទេសជិតខាង។
ទោះបីជាមកទល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការក្តៅជាបន្តបន្ទាប់ រួមមាន៖
• ការតាមដានយ៉ាងតឹងរ៉ឹង៖ ក្រសួងកំពុងតាមដានស្ថានភាពជំងឺជាសកល និងពង្រឹងការពិនិត្យសុខភាពនៅតាមច្រកទ្វារអន្តរជាតិ។
• ការត្រៀមលក្ខណៈវេជ្ជសាស្ត្រ៖ បុគ្គលិកសុខាភិបាលទូទាំងប្រទេសត្រូវបានណែនាំឱ្យត្រៀមលក្ខណៈឆ្លើយតប ២៤ ម៉ោង លើ ២៤ ម៉ោង ហើយប្រព័ន្ធទូរស័ព្ទលេខ ១១៥ ត្រូវបានដំណើរការដើម្បីទទួលព័ត៌មាន និងរាយការណ៍ករណីសង្ស័យ។
អ្វីដែលប្រជាពលរដ្ឋត្រូវយល់ដឹង និងការពារខ្លួន៖
ជំងឺអេបូឡា ជាជំងឺឆ្លងសាហាវដែលមានអត្រាស្លាប់ខ្ពស់ (រហូតដល់ ៩០%)។ ដើម្បីការពារខ្លួន ប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖

១. ការចម្លង៖ វីរុសនេះឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម ឬសារធាតុរាវ (ទឹកមាត់ ញើស...) របស់បុគ្គលដែលឆ្លងជំងឺ ឬសាកសពអ្នកស្លាប់ដោយអេបូឡា និងការប៉ះពាល់សត្វព្រៃដែលផ្ទុកមេរោគ (ស្វា សត្វប្រចៀវ...)។
២. រោគសញ្ញា៖ គ្រុនក្តៅខ្លាំង អស់កម្លាំង ឈឺសាច់ដុំ ឈឺក្បាល ឈឺក ក្អួត និងរាក។ រោគសញ្ញានឹងលេចចេញក្នុងចន្លោះពី ២ ទៅ ២១ ថ្ងៃ បន្ទាប់ពីប៉ះពាល់មេរោគ។
៣. វិធានការអនាម័យ៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល។ ជៀសវាងការប៉ះពាល់អ្នកជំងឺ ឬសត្វព្រៃដោយគ្មានសម្ភារៈការពារ។
៤. ការធ្វើដំណើរ៖ WHO ណែនាំមិនឱ្យបិទព្រំដែនឡើយ ដើម្បីជៀសវាងការលួចឆ្លងដែនខុសច្បាប់ដែលពិបាកគ្រប់គ្រង ប៉ុន្តែអ្នកដែលធ្លាប់ប៉ះពាល់អ្នកជំងឺ ត្រូវធ្វើចត្តាឡីស័ក ២១ ថ្ងៃ និងមិនត្រូវធ្វើដំណើរអន្តរជាតិឡើយ។
ក្រសួងសុខាភិបាលកម្ពុជា បន្តអំពាវនាវឱ្យសាធារណជនកុំមានការភ័យស្លន់ស្លោ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានផ្លូវការជាប្រចាំ។ ប្រសិនបើមានករណីសង្ស័យ សូមរាយការណ៍ទៅកាន់លេខទូរស័ព្ទ ១១៥ ជាបន្ទាន់៕
The Khmer Daily Network