The Khmer Daily Network Logo

National

8 June 2026 4:10 AM2 hours agoLim_Rothanaksambath

ក្រសួងព័ត៌មាន បញ្ជ្រាបចំណេះដឹងព័ត៌មានក្លែងក្លាយដល់យុវវ័យ Gen Z

ក្រសួងព័ត៌មាន បញ្ជ្រាបចំណេះដឹងព័ត៌មានក្លែងក្លាយដល់យុវវ័យ Gen Z
«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» | កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ភ្នំពេញ- ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦៖ យុទ្ធនាការនិយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

យុទ្ធនាការជំហានទី២នេះ បានបើកទំព័រថ្មីមួយក្នុងការជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាយុវជនកម្ពុជាគ្រប់រូប ឱ្យក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» និងជា «កម្លាំងចលករឈានមុខ» ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

ក្នុងនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្ដាប់ធ្នាប់សង្គម។

ការអំពាវនាវនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្ដីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

IMG_3088.jpegIMG_3088.jpeg
ឯកឧត្តមសង្កត់ធ្ងន់ថា ការអនុវត្តយុទ្ធនាការជំហានទី២នេះ មានសារៈសំខាន់ណាស់រួមចំណែកក្នុងការងារព័ត៌មាន និងសាធារណមតិ ដោយត្រូវផ្ដោតលើការចុះផ្សព្វផ្សាយ អប់រំដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យក្នុងរាជធានី-ខេត្ត ឱ្យចេះបង្ការ និងការពារខ្លួនពីព័ត៌មានបំពុលសង្គម។

«មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ត្រូវបំផុសអភិក្រមសុវត្ថិភាពព័ត៌មានដល់យុវវ័យ និងលើកទឹកចិត្តឱ្យពួកគេចូលរួមក្នុងការបង្ការ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការទទួលចំណេះដឹងអក្ខរកម្មព័ត៌មានពីយុទ្ធនាការ ហើយចូលរួមធ្វើសារជាវីដេអូខ្លីៗដោយខ្លួនឯង ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធវិធីសាស្ត្រទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមបណ្ដាញ Facebook, TikTok និង Telegram ជាដើម» ។

គួររំលឹកឱ្យដឹងផងដែរថា បច្ចុប្បន្នក្នុងចំណោមប្រជាជនកម្ពុជាចំនួនជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយ ប្រើប្រាស់បណ្ដាញសង្គម Facebook ខណៈក្រុមយុវវ័យ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ វត្តមានរបស់យុវវ័យគ្រប់រូបនឹងចូលរួមធ្វើជា ឃោសនិក ឬអ្នកផ្សព្វផ្សាយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានពិត ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន ដើម្បីជាប្រយោជន៍ដល់សាលារៀន ក្រុមគ្រួសារ និងអាចការពារសហគមន៍របស់ពួកគេ ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ៕
ប្រភព និងរូបភាព៖ ក្រសួងព័ត៌មាន
ប្រភព និងរូបភាព៖ ក្រសួងព័ត៌មាន
ប្រភព និងរូបភាព៖ ក្រសួងព័ត៌មាន
ប្រភព និងរូបភាព៖ ក្រសួងព័ត៌មាន
ប្រភព និងរូបភាព៖ ក្រសួងព័ត៌មាន
ប្រភព និងរូបភាព៖ ក្រសួងព័ត៌មាន