The Khmer Daily Network Logo

National

12 June 2026 7:57 AM2 hours agoLim_Rothanaksambath

អ.គរ និង FASMEC ចាប់ដៃគ្នាពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ឆ្ពោះទៅពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ

អ.គរ និង FASMEC ចាប់ដៃគ្នាពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ឆ្ពោះទៅពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ
ភ្នំពេញ, ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៖ វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១ ក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” បានប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ដោយពិធីបើកបានរៀបចំឡើងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គរ) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បទបង្ហាញបច្ចេកទេស កិច្ចពិភាក្សា និងវេទិកាសំណួរ-ចម្លើយ លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការចុះបញ្ជី, គោលនយោបាយគាំទ្រ SMEs, ការលើកទឹកចិត្តសារពើពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និងការជំរុញការនាំចូលនិងនាំចេញ ដែលជួយលើកកម្ពស់ការយល់ដឹង និងរួមចំណែកគាំទ្រការអភិវឌ្ឍ SMEs នៅកម្ពុជា ត្រូវបានលើកយកមកជជែកវែកញែកក្នុងវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១នេះ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានលើកឡើងថា SMEs ជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃផលិតកម្មក្នុងស្រុក ប៉ុន្តែនៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ការទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យា និងការចូលទីផ្សារ ជាដើម។ ឧកញ៉ាក៏បានសម្តែងនូវការពេញចិត្តចំពោះការរៀបចំវេទិកានេះ និងសង្ឃឹមថា កិច្ចសហការរវាង អ.គរ និង FASMEC នឹងរួមចំណែកដោះស្រាយបញ្ហាប្រឈម និងបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោយផលសម្រាប់ SMEs។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ អ.គរ បានគូសរំលេចថា អ.គរ បាននិងកំពុងអនុវត្តកម្មវិធីកែទម្រង់ និងទំនើបកម្មវិស័យគយជាបន្តបន្ទាប់ ដើម្បីសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើមធ្វើធុរកិច្ច និងចូលរួមពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន។ ឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាពនៃការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យគយ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ និងវិធានការលើកទឹកចិត្តផ្នែកគយសម្រាប់ SMEs ដែលរួមចំណែកកាត់បន្ថយពេលវេលាបំពេញបែបបទគយ និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ អ.គរ ជឿជាក់ថា តាមរយៈកិច្ចសហការរវាង អ.គរ និង FASMEC នឹងក្លាយជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ក្នុងការរួមគ្នាលើកកម្ពស់បរិយាកាសធុរកិច្ច ការសម្រួលពាណិជ្ជកម្ម និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរ។

វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១ ក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង”ប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ដោយពិធីបើកបានរៀបចំឡើងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១ ក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង”ប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ដោយពិធីបើកបានរៀបចំឡើងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
ក្នុងសុន្ទរកថាបើកវេទិកា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចាត់ទុកថា នេះជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន និងការជំរុញការអភិវឌ្ឍ SMEs នៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងចាត់ទុក SMEs ជាអាទិភាពដ៏សំខាន់មួយ ក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ហើយទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល ពង្រឹងឯករាជ្យភាពសេដ្ឋកិច្ច និងបង្កើនភាពរឹងមាំនៃមូលដ្ឋានផលិតកម្មជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន ដើម្បីគាំទ្រ SMEs រួមមាន ការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការកែលម្អបរិយាកាសធុរកិច្ច, ការសម្រួលពាណិជ្ជកម្ម, ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាននិងការធានាឥណទាន, ការលើកកម្ពស់សហគ្រិនភាព, ការចាប់យកបច្ចេកវិទ្យាឌីជីថល, ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ស្តង់ដារផលិតផល។

ក្នុងនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនសម្រាប់ អ.គរ, FASMEC, ក្រសួងស្ថាប័នពាក់ព័ន្ធ និង SMEs ដោយផ្តោតលើការបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម, ការអនុវត្តវិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន តាមរយៈយន្តការសន្ទនានិងការពិគ្រោះយោបល់ជាប្រចាំ, ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការគាំទ្រការកសាងសមត្ថភាពសម្រាប់ SMEs, ព្រមទាំងបានជំរុញឱ្យ SMEs ខិតខំពង្រឹងគុណភាពផលិតផល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសមត្ថភាពប្រកួតប្រជែង ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ៕

រាយការណ៏ដោយ៖ The Khmer Daily Network