ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុវត្តគោលការណ៍ហាមឃាត់ការផ្ដល់រង្វាន់តាមរយ:ក្រវិលកំប៉ុងលើភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។ សំណួរមួយ ក្នុងចំណោមចម្ងល់ ជាច្រើន ថា តើការដែលឈប់ដាក់រង្វាន់ ពិតជាអាចបន្ថយការទទួលទានគ្រឿងស្រវឹងបានដែរឬទេ? ឬមួយ គួរណាមានច្បាប់ផ្សព្វផ្សាយ ច្បាប់សម្រាប់អ្នកប្រើប្រាស់ ឬក៏រុញការអប់រំទាក់ទងនឹងគ្រឿងស្រវឹង នេះឱ្យទូលំទូលាយ?
សូមអាន វិចារណកថា ដោយ លោក ឡាំ ឡាយ សរសេរនៅខាងក្រោមនេះ៖ទី១- សិក្សាពីផលអវិជ្ជមាន នៃគ្រឿងស្រវឹង គឺមានផលអវិជ្ជមាន ជាងវិជ្ជមាន នេះបើយោងតាមការសិក្សាស្រាវជ្រាវឆ្នាំ២០២៦ ស្ដីពី “ស្ថានភាពសកលស្តីពីគ្រឿងស្រវឹង និងសុខភាព” របស់អង្គការសុខភាពពិភពលោក។ របាយការណ៍នេះបានរកឃើញថា “ការទទួលទានគ្រឿងស្រវឹងបានរួមចំណែកដល់ការស្លាប់របស់មនុស្សជាង ៣លាននាក់ក្នុងមួយឆ្នាំៗ” ដែលក្នុងនោះ ចំនួនដ៏ច្រើនបានកើតឡើងចំពោះយុវជន ដោយសារតែរបួស គ្រោះថ្នាក់ និងឥរិយាបថប្រថុយប្រថានពេលស្រវឹងជោគជាំ។ របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា ការប្រើប្រាស់គ្រឿងស្រវឹងតាំងពីវ័យក្មេង មានការផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការកើនឡើងនៃហានិភ័យនៃការញៀនគ្រឿងស្រវឹង បញ្ហាសុខភាពផ្លូវចិត្ត និងជំងឺរ៉ាំរ៉ៃរយៈពេលវែង។ តាមរយៈការសិក្សានេះ គឺបានសេចក្ដីថា “ស្រា ពុំមែនជាអាវុធដើម្បីនាំសង្គមដើរទៅមុខទេ ប៉ុន្តែមានតែនាំទៅក្រោយ”។ ពេលណាដែលយុវជន មានសុខភាពល្អ មានចំណេះដឹង នោះសង្គម នឹងមានធនធានមនុស្សខ្លាំងពូកែ ដោយគេរាប់បញ្ចូលថា “ជាធនធានមនុស្សពិតប្រាកដ” អាចបម្រើសង្គមបានរយៈពេលវែង។ មិនត្រឹមតែគ្រឿងស្រវឹង ភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង ក៏គួរឱ្យបារម្ភ!
ទី២- ត្រឹមតែផ្លាស់ប្ដូររបត់នៃ “គាស់ឈ្នះ” អាចថាជាសញ្ញាល្អមួយ ប៉ុន្តែបើចង់ឱ្យមានទម្ងន់ជាងនេះ យើងគួរពិចារណា រៀបចំច្បាប់ណាមួយ ដែលមានទម្ងន់ជាងនេះ។ ក្រៅពីច្បាប់ គឺត្រូវមាន “ការអប់រំ” ដែលគួរផ្ដើមចេញពីគ្រួសារទៅដល់សាលា និងសង្គមទាំងមូល។ “អំណាចទន់ ឬ Soft Power ” ដែលនាំឱ្យក្មេងជំនាន់ក្រោយ យកជាគំរូតាម។ នៅជនបទខ្លះ ក្មេងជំទង់ក្រោម១៨ឆ្នាំ ត្រូវបានគ្រួសារ សាច់ញាតិប្រើទៅទិញស្រា? នេះពុំមែនបានសេចក្ដីថា “ការលើកឡើងនេះ ត្រូវទាំងស្រុងឡើយ ដ្បិត “អំណាចទន់ ឬ Soft Power” មានឥទ្ធិពលលឿនខ្លាំងណាស់ សូម្បីតែខ្ញុំជាអ្នកសរសេរ កាលពីក្មេង វ័យជំទង់ ក៏វក់នឹង “ អំណាចទន់ ឬ Soft Power” នេះដែរ ពិសេសគឺ តារាៗមួយចំនួនដែលមានប្រជាប្រិយភាព?
ទី៣- ក្រុមហ៊ុនផលិត និងការផ្សព្វផ្សាយ គួរណាតែត្រូវ បានកំណត់ច្បាស់លាស់ លើដែនកំណត់នៃការផ្សព្វផ្សាយ ជាជាង ប្រើប្រាស់អន្ទាក់ទីផ្សារ ដែលនាំឱ្យមនុស្ស “ចង់បានជ្រុល” ទៅភ្លេចខ្លួន។ នេះ គឺជារឿងដែលក្រុមហ៊ុននីមួយៗ គួរពិចារណាដែរ។ ក្នុងពិភពលោក គេពុំដែលឱ្យប្រជាជនពឹងលើរង្វាន់ស្រា ជាជាងប្រឹងប្រែងរៀនសូត្រ រកស៊ី ដល់ថ្នាក់ ចាំរង្វាន់ស្រាដើម្បីបានឡានទំនើប លុយរាប់ម៉ឺនដុល្លារទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនស្រាដែលមានស្ដង់ដាត្រឹមត្រូវ (សីលធម៌) គេផ្សាយដែរ ប៉ុន្តែមានដែនកំណត់ច្បាស់លាស់ កំណត់ដោយច្បាប់។
ទី៤- អ្នកប្រើប្រាស់គួរណាតែ “កំណត់ខ្លួនឯង”។ ទទួលទានស្រាត្រឹមការជួបជុំល្មមៗលក្ខណៈគ្រួសារ មិត្ត និង ការងារ គឺមិនជាអ្វីឡើយ ប៉ុន្តែការបរិភោគហូបបរិមាណ វានឹងក្លាយជា “បន្ទុកវិញ”។ ជួនកាលស្រវឹង បើកបរបុក អ្នកមិនដឹងអីតាមដងផ្លូវ? ជួនកាលស្រវឹងរាល់ថ្ងៃ អាចកើតជាជំងឺ ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គម ក៏មាន។ ដូច្នេះ គួរណាតែមានការកំណត់ “ពិសារដោយការទទួលខុសត្រូវ” ពិតប្រាកដមែន។
ជាចុងក្រោយ វិចារណកថានេះ ពុំមានចេតនាណាមួយ នាំឱ្យមានការរើសអើងស្អប់ គុំស្អប់គ្នាឡើយ ពោលគឺ សរសេរដើម្បីគិត រីកចម្រើនទាំងអស់គ្នា។ មែនទែនទៅ សំណេរនេះ ក៏អាចមានកន្លែងខ្លះ ដែលពុំបានសរសេរអស់ និងទុកជូនបងប្អូនពិចារណា និងថែមថយខ្លួនឯង។ ត្រឹមតែការផ្អាករង្វាន់ក្រវិលកំប៉ុង អាចបន្ថយបាន ឬ ក៏ត្រូវមានច្បាប់ មានការកំណត់ការផ្សព្វផ្សាយ ការអប់រំ និងខ្លួនឯងអ្នកប្រើប្រាស់ ត្រូវមានទំនួលខុសត្រូវ? ទាំងនេះ គឺជាសំណួរ ដែលត្រូវការចូលរួមមតិពីបងប្អូន ដើម្បីការអនុវត្តដោយប្រសិទ្ធភាព សម្រាប់មនុស្សជំនាន់ក្រោយ។