The Khmer Daily Network Logo
National
21 May 2026 6:39 AM5 days agoLim_Rothanaksambath

រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កាតព្វកិច្ចយោធា មិនមែនជាបន្ទុក តែជាឱកាសយុវជនអាចការពារបូរណភាពជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កាតព្វកិច្ចយោធា មិនមែនជាបន្ទុក តែជាឱកាសយុវជនអាចការពារបូរណភាពជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

«យុវជន គឺជាធនធានមនុស្សរបស់ប្រទេសជាតិ» «យុវជន គឺជាកម្លាំងស្នូលដ៏សំខាន់ ក្នុងការកសាងអភិវឌ្ឍន៍ និងកំណត់ជោគវាសនាប្រទេសជាតិ» «យុវជន គឺជាសសរទ្រូងដ៏រឹងមាំ និងជាសរសៃឈាមដ៏រស់រវើក ក្នុងការបន្តដំណើរលើមាគ៌ារួមរបស់ប្រជាជាតិ និងរដ្ឋាភិបាល» «យុវជន ជាកម្លាំងចលករក្នុងការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍មរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត»។


ពាក្យស្លោក និងការលើកឡើងទាំងអម្បាលមាណខាងលើនេះ ជាការបញ្ជាក់ និងឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសំខាន់របស់យុវជនក្នុងការចូលរួមកសាងអភិវឌ្ឍន៍ និងកំណត់ជោគវាសនាប្រទេសជាតិ។ ទោះស្ថិតក្នុងកាលៈទេសៈណា កន្លែងណា យុវជននៅតែជាចរន្តឈាមដ៏សំខាន់ដែលជាតិមួយមិនអាចខ្វះបាន ហើយជាតិនោះខ្លាំងក្លាក៏ដោយសារគុណភាពរបស់យុវជន។


តើ យុវជន ប្រព័ន្ធអប់រំ និងមនសិការជាតិ ផ្សារភ្ជាប់គ្នាដោយរបៀបណា? យុវជន គួរធ្វើបែបណាដើម្បីក្លាយជាវីរបុរសការពារបូរណភាពទឹកដីជាតិ?


ឆ្លើយតបនឹងសំណួរខាងលើ យើងត្រូវស្គាល់ពាក្យថា «ទំពាំងស្នងឫស្សី» ជាមុនសិន ដោយន័យនេះសំដៅដល់ យុវជនគឺជាអ្នកបន្តវេនពីមនុស្សចាស់។ ចុះបើទំពាំងរលួយ តើអនាគតឫស្សីនឹងក្លាយទៅជាយ៉ាងណា? ជាការពិតណាស់! ដើម្បីក្លាយជាពន្លកទំពាំងដែលល្អ ឬយុវជនដ៏មានគុណភាពដែលអាចកសាងសង្គមជាតិ យើងត្រូវជ្រកក្រោមស្លាបនៃការអប់រំ ឆន្ទៈ និងមនសិការស្នេហាជាតិ។


ទស្សនសង្គមលើកឡើងថា ប្រទេសដែលមានយុវជនធនធានមនុស្សមានចំណេះដឹង ចំណេះធ្វើ និងមានសីលធម៌រស់នៅខ្ពស់ ចេះសម្របសម្រួលក្នុងកិច្ចការសង្គមជាតិ ប្រទេសជាតិនោះនឹងមានភាពរីកចម្រើន មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ដោយឡែក មនសិការស្នេហាជាតិ ជាអ្វីដែលភ្ជាប់មកក្នុងចិត្ត និងសរសៃឈាមរបស់យុវជនតាំងពីកើតមកម្ល៉េះ ហើយដើម្បីក្លាយជាខែលការពារជាតិដ៏រឹងមាំ យុវជន ត្រូវតែមានមនសិការ ការលះបង់ និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមជាតិ។


តួយ៉ាង នៅពេលប្រទេសជាតិប្រឈមបញ្ហាសង្គ្រាម យុវជនមិនត្រឹមតែជាខែលការពារ តែជាព្រួញប្រយុទ្ធដ៏សំខាន់ ដូច្នេះ ដើម្បីអាចក្លាយជាវីរបុរសការពារបូរណភាពទឹកដីជាតិខ្មែរដែលរងការឈ្លានពានទឹកដីពីចោរសៀម រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ រដ្ឋសភា បានសម្រេចអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដែលច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ ឆ្នាំ។ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធាមាន ព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ) ប្រជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។


ទាក់ទងនឹងកាតព្វកិច្ចយោធានេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា «កាតព្វកិច្ចយោធា មិនមែនជាបន្ទុក តែជាឱកាសយុវជនអាចការពារបូរណភាពជាតិ»។ សម្រាប់យុវជនដែលជាប់កាតព្វកិច្ចយោធា គឺមិនមែនជាបន្ទុកនោះទេ ប៉ុន្តែគឺជាឱកាសរបស់ពួកគេជាពិសេសក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬមានសត្រូវឈ្លានពាន។ ក្រៅពីនេះ យុវជនដែលជាប់កាតព្វកិច្ចយោធា នឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមដែលអាចក្លាយជាធនធានមនុស្សរបស់ជាតិ និងជាកម្លាំងជួយទៅដល់វិស័យការពារជាតិបន្ថែមទៀត។


ផ្សារភ្ជាប់រឿងនេះដែរ យើងមិនភ្លេចការពលី និងការបូជាសាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពវ័យក្មេងកម្ពុជានោះឡើយ ដែលនេះសរបញ្ជាក់ឱ្យឃើញពីភាពអង់អាចក្លាហានរបស់យុវជនក្នុងការការពារបូរណភាពទឹកដីជាតិខ្មែរពីសត្រូវទាំងឡាយ ដែលប៉ងយាយីចង់បានទឹកដីរបស់យើង។ សូមកុំគិតថា កាតព្វកិច្ចយោធា គឺជាបន្ទុក ព្រោះវាជាចំណុចស្នូលដ៏សំខាន់ក្នុងការពារមាតុជាតិ បន្ទាប់ពីយុវជន មានចំណេះដឹងក្នុងការតតាំងតាមវិធីសាស្ត្រការទូត។


សូមចូលរួមលើកទឹកចិត្តឱ្យយុវជនចូលរួមអនុវត្តកាតព្វកិច្ចយោធាឱ្យបានគ្រប់ៗគ្នា កម្លាំងយុវជននឹងក្លាយជាកម្លាំងដ៏រឹងមាំក្នុងការការពារបូរណភាពទឹកដីជាតិយើង!
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ