The Khmer Daily Network Logo
National
18 May 2026 7:47 AM1 week agoLim_Rothanaksambath

នៅចាំឬទេ? អតីតបវរកញ្ញាដ៏កម្សត់សុខចិត្តបណ្តើរម៉ូតូទៅហ្វឹកហាត់ ស្រាប់តែខូចតម្រងនោមដំណាក់កាលចុងក្រោយ សម្តេចតេជោ ហ៊ុន សែន រ៉ាប់រងថ្លៃព្យាបាលឱ្យទាំងស្រុង

នៅចាំឬទេ? អតីតបវរកញ្ញាដ៏កម្សត់សុខចិត្តបណ្តើរម៉ូតូទៅហ្វឹកហាត់ ស្រាប់តែខូចតម្រងនោមដំណាក់កាលចុងក្រោយ សម្តេចតេជោ ហ៊ុន សែន រ៉ាប់រងថ្លៃព្យាបាលឱ្យទាំងស្រុង

អតីតបវរកញ្ញាដ៏កម្សត់សុខចិត្តបណ្តើរម៉ូតូទៅហ្វឹកហាត់ ស្រាប់តែខូចតម្រងនោមដំណាក់កាលចុងក្រោយ

នៅក្នុងភាពងងឹតតែងមានពន្លឺតូចមួយជាអ្នកនាំផ្លូវទៅរកច្រកចេញ ប្រៀបបីដូចជីវិតដ៏ផុយស្រួយរបស់អ្នកគ្រូបង្រៀនវ័យក្មេងនៅខេត្តព្រៃវែង ម៉ូវ សុផាន់ ដែលពើបប្រទះជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ ក្នុងវ័យ ២៦ឆ្នាំ តែបុណ្យព្រេងវាសនាខ្ពស់ ការលើកម្រាមដៃដប់សំពះសូមក្តីមេត្តាទៅកាន់ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឱ្យជួយឧបត្ថម្ភការព្យាបាលជំងឺដ៏កាចសាហាវនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង។


«មិនចាំបាច់ស្លាប់ទើបស្ស្គាល់នរកទេ មានជំងឺលាងឈាមដូចរស់ក្នុងនរក» ជាពាក្យដែលគ្រូបង្រៀន ម៉ូវ សុផាន់ និយាយផ្តាំប្រាប់អ្នកគ្រប់គ្នាយ៉ាងស្ងៀមស្ងាត់ ក្នុងនាមអ្នកជំងឺលាងឈាម ១ សប្តាហ៍ ២ ដង។ សុផាន់ ទើបតែប្រឡងជាប់គ្រូកិច្ចព្រមព្រៀងនៅខេត្តព្រៃវែង ប្រមាណ ៤ ខែប៉ុណ្ណោះក៏ធ្លាក់ខ្លួនឈឺធ្ងន់ និងបានដាក់ច្បាប់ព្យាបាលជំងឺរយៈពេល ៣ ខែមកហើយ ដោយសារជំងឺធ្វើទុក្ខខ្លាំងពេក។


បើក្រឡេកទៅមើលបណ្តាញសង្គមកាលពីឆ្នាំ ២០២៣ អ្នកគាំទ្រវិស័យបវរកញ្ញាប្រាកដជាចាំបាន បេក្ខភាពបវរកញ្ញាតំណាងខេត្តស្ទឹងត្រែង ដែលមហាជនសម្តែងការអាណិតអាសូរយ៉ាងខ្លាំង ព្រោះដើម្បីសម្រេចក្តីស្រមៃដ៏ធំក្នុងជីវិត នាងបានតស៊ូចូលប្រកួតបវរកញ្ញាទាំងជីវភាពខ្វះខាតខ្លាំង រហូតបណ្តើរម៉ូតូចេញពីហ្វឹកហាត់កណ្តាលយប់ ព្រោះគ្មានលុយចាក់សាំង។


បវរកញ្ញាតំណាងដ៏កម្សត់ម្នាក់នោះ អ្នកគ្រូ ម៉ូវ សុផាន់ នេះហើយ ដែលកំពុងទទួលបានការសណ្តោះប្រណីពន្លឺជីវិតថ្មីពី សម្តេចតេជោ ហ៊ុន សែន។ ស្ថានភាពជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយរបស់អ្នកគ្រូវ័យក្មេងរូបនេះ មើលទៅហាក់ធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ តែតាមរយៈខមមិនឆ្លងឆ្លើយរបស់ សម្តេចតេជោ ហ៊ុន សែន បង្ហាញឱ្យដឹងថា តាមការពិភាក្សាបឋមជាមួយប្រធានមន្ទីរពេទ្យកាល់ម៉ែត អ្នកគ្រូបង្រៀនដែលជាអ្នកជំងឺ អាចនឹងត្រូវដូរក្រលៀននៅកម្ពុជាដោយវេជ្ជបណ្ឌិតខ្មែរនិងបារាំង។ បញ្ហាស្ថិតត្រង់មានអ្នកបរិច្ចាគក្រលៀនជូនអ្នកគ្រូឬអត់?។


ទន្ទឹមនឹងការប្រកាសជួយ គ្រូបង្រៀននៅខេត្តព្រៃវែង ក្មេង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ប្រកាសជួយរ៉ាប់រងថ្លៃព្យាបាលរបស់កូនស្រីវីរកងទ័ពជួរមុខប្រចាំការទិសប្រាសាទតាមាន់ គឺប្អូនស្រី ង៉ូវ លីមី អាយុ ១៦ ឆ្នាំ ជាសិស្សបច្ចេកទេស និងជាសមាជិកលេខាធិការដ្ឋាន ស.ស.យ.ក ស្រុកថ្មពួក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរកាលពីថ្ងៃទី ១១ ខែមេសា កន្លងទៅ ដោយបច្ចុប្បន្នប្អូនស្រីទទួលបានជោគជ័យក្នុងការវះកាត់ជើង នៅមន្ទីរពេទ្យប្រទេសវៀតណាម និងកំពុងបន្តសម្រាកព្យាបាលរហូតសះស្បើយទើបត្រឡប់មកកម្ពុជាវិញ៕
រូបភាព៖ម៉ូវ សុផាន់

រូបភាព៖ម៉ូវ សុផាន់

រូបភាព៖ម៉ូវ សុផាន់

រូបភាព៖ម៉ូវ សុផាន់

រូបភាព៖ម៉ូវ សុផាន់

រូបភាព៖ម៉ូវ សុផាន់