The Khmer Daily Network Logo

National

16 June 2026 6:52 AM2 hours agoLim_Rothanaksambath

ស្ត្រីជាភ្នាក់ងារចាំបាច់ និងដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ ខណៈសន្តិភាពជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់

ស្ត្រីជាភ្នាក់ងារចាំបាច់ និងដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ ខណៈសន្តិភាពជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់
ភ្នំពេញ, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦៖ ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅសណ្ឋាគារសុខា សៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីជាភ្នាក់ងារដ៏ចាំបាច់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកកសាង និងថែរក្សាសុខសន្តិភាពចាប់តាំងពីគ្រួសារ សហគមន៍ សង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិ។


ការគូសបញ្ជាក់យ៉ាងដូច្នេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានបន្តកំណត់ការលើកកម្ពស់សមត្ថភាព និងការបង្កើតភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូលនៅក្នុងការអភិវឌ្ឍ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

ពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅសណ្ឋាគារសុខា សៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅសណ្ឋាគារសុខា សៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦

ផ្សារភ្ជាប់ជាមួយការកសាងស្ត្រីក្នុងភាពជាអ្នកដឹកនាំ សម្ដេចធិបតី បានមានប្រសាសន៍ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ បើគ្មានសន្តិភាពទេ យើងមិនអាចនិយាយពីការអប់រំ ការអភិវឌ្ឍ ការចូលរួមរបស់ស្ត្រី ឬអនាគតរបស់យុវជនបានឡើយ។ ដោយសារមានសន្តិភាព ទើបកម្ពុជាអាចស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បង្កើតឱកាសការងារ ពង្រីកការសិក្សា និងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងបើកទ្វារទទួលមិត្តភក្តិអន្តរជាតិ។


ឆ្លៀតឱកាសនេះ សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបណ្តាគណៈប្រតិភូជាតិ អន្តរជាតិ ដែលបានមកចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ នៅលើទឹកដីអង្គរដ៏បវររបស់ប្រទេសកម្ពុជានាពេលនេះ ដែលជាការជួបជុំដ៏សំខាន់របស់បងប្អូនស្ត្រីក្នុងវិស័យកាយឫទ្ធិ ដោយមហាសន្និបាតនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្តាប្រទេសជុំវិញសកលលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី៕
រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia