The Khmer Daily Network Logo

National

16 June 2026 3:18 AM2 hours agoLim_Rothanaksambath

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ! កម្ពុជាបើកទ្វារស្វាគមន៍សប្បុរសជន និងយុវតីមកពីជុំវិញពិភពលោកមកកាន់ទឹកដីអង្គរ សៀមរាប

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ! កម្ពុជាបើកទ្វារស្វាគមន៍សប្បុរសជន និងយុវតីមកពីជុំវិញពិភពលោកមកកាន់ទឹកដីអង្គរ សៀមរាប
ភ្នំពេញ, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦៖ គណៈប្រតិភូ និងយុវតីកាយឫទ្ធិនារីមកពីជុំវិញពិភពលោក បានធ្វើដំណើរមកដល់ទឹកដីអង្គរ ខេត្តសៀមរាប បង្ហាញបរិយាកាសកាន់តែមានភាពអធិកអធម និងរំភើបខ្លាំងឡើងៗ ខណៈពិធីបើកជាផ្លូវការនៃ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។


ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ មានការចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្ដេចព្រះមហាក្សត្រិយានី AZIZAH Iskandar ព្រះប្រធានកិត្តិយសនៃមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) និងជាព្រះរាជឧបត្ថម្ភនៃសហគមន៍ OB-PS រួមទាំង គណៈប្រតិភូ និងយុវតីកាយឫទ្ធិនារីមកពីជុំវិញពិភពលោក និងក្រសួងស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនកុះករ។


មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ រៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈប្រតិភូ យុវតី សមាជិកាមកកាន់ដែនដីអច្ឆរិយអង្គរ ខេត្តសៀមរាប ដោយទំនុកចិត្ត និងស្នាមញញឹមដ៏រីករាយ។

រូបភាព៖ Girl Guides Association of Cambodiaរូបភាព៖ Girl Guides Association of Cambodia

ក្នុងនោះផងដែរ គណៈប្រតិភូ និងយុវតីកាយឫទ្ធិនារីមកពីជុំវិញពិភពលោក បានចូលរួមស្វែងរកបណ្ណាល័យបុរាណ ដែលជាអគារថ្មភក់ភ្លោះតំណាងឱ្យចំណេះដឹង និងសន្តិភាព ព្រមទាំងអាថ៌កំបាំងនៃបន្ទប់គក់ទ្រូង (Echo Chamber) ដែលសំឡេងរំញ័រនៃការគក់ទ្រូងតំណាងឱ្យការតភ្ជាប់ផ្លូវចិត្តដ៏ពិសិដ្ឋ រួមទាំងផ្ទាំងចម្លាក់បុរាណដ៏ល្បីល្បាញ «ការកូរសមុទ្រទឹកដោះ» ដែលបង្ហាញពីតុល្យភាព និងស្មារតីសាមគ្គីភាព។ នេះមិនមែនគ្រាន់តែជាកម្មវិធីកម្សាន្តនោះទេ ប៉ុន្តែវាគឺជាដំណើរដ៏មានន័យនៃការបង្ហាញពីសាមគ្គីភាព តុល្យភាព និងការតភ្ជាប់ផ្លូវចិត្តយ៉ាងជ្រាលជ្រៅ។


ការចូលរួមពីសំណាក់សប្បុរសជន និងយុវតីមកពីជុំវិញពិភពលោក ក្នុងការបង្កើតទំនាក់ទំនង ចែករំលែកបទពិសោធន៍ និងពាក់សញ្ញាសម្គាល់របស់ពួកគេដោយក្ដីមោទនៈ ខណៈកម្ពុជាបានត្រៀមជាស្រេចក្នុងការបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ការធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ជាលើកដំបូងបង្អស់ជាមួយព្រឹត្តិការណ៍បន្តបន្ទាប់ និងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត។


លើសពីការរៀបចំសម្រាប់មហាសន្និបាត សកម្មភាពទាំងនេះគឺជាការឆ្លុះបញ្ចាំង ការពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងការរួមគ្នាគូសវាសទិសដៅអនាគតសម្រាប់កុមារី និងយុវតីនៅជុំវិញសកលលោក៕

រាយការណ៍ដោយ The Khmer Daily Network
End image 1