The Khmer Daily Network Logo

International

15 June 2026 9:58 AM3 hours agoLim_Rothanaksambath

សកលវិទ្យាល័យនៅចិន សម្រេចលុបមុខជំនាញហួសសម័យ ចំនួន ១២,០០០ ជំនួសដោយជំនាញបច្ចេកវិទ្យា

សកលវិទ្យាល័យនៅចិន សម្រេចលុបមុខជំនាញហួសសម័យ ចំនួន ១២,០០០ ជំនួសដោយជំនាញបច្ចេកវិទ្យា
សកលវិទ្យាល័យនានារបស់ប្រទេសចិនកំពុងធ្វើការរៀបចំរចនាសម្ព័ន្ធកម្មវិធីសិក្សាឡើងវិញយ៉ាងខ្លាំងក្លា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីតម្រឹមការអប់រំឧត្តមសិក្សាឱ្យស្របទៅនឹងគោលដៅអភិវឌ្ឍន៍ជាតិ ដោយការលុបបំបាត់មុខជំនាញរាប់ពាន់ដែលត្រូវបានចាត់ទុកថាហួសសម័យ ដើម្បីងាកមកចាប់យកកម្មវិធីសិក្សាថ្មីៗដែលផ្ដោតលើបច្ចេកវិទ្យា។


ការរុះរើទ្រង់ទ្រាយធំនេះបានប៉ះពាល់ដល់កម្មវិធីសិក្សារបស់ចិនជាង ៣០ ភាគរយ ដោយក្នុងនោះមុខជំនាញសិល្បៈ និងភាសាត្រូវបានបោះបង់ចោល ដើម្បីជំនួសមកវិញនូវមុខជំនាញដែលផ្ដោតលើបច្ចេកវិទ្យា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។


យុទ្ធនាការដ៏ទូលំទូលាយនេះ កើតឡើងនៅពេលដែលចិនកំពុងប្រជែងគ្នាដើម្បីក្លាយជាអ្នកដឹកនាំពិភពលោកក្នុង "ឧស្សាហកម្មនាពេលអនាគត" ផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ និងដើម្បីដោះស្រាយវិបត្តិការងារដ៏ធ្ងន់ធ្ងរសម្រាប់និស្សិតបញ្ចប់ការសិក្សា ដែលបានធ្វើឱ្យយុវជនរាប់លាននាក់កំពុងជួបការលំបាកក្នុងការស្វែងរកការងារធ្វើ។


ចន្លោះឆ្នាំ ២០២១ ដល់ ២០២៥ គ្រឹះស្ថានឧត្តមសិក្សារបស់ចិនបានលុបចោល ឬផ្អាកកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ១២,២០០ ខណៈពេលដែលបានដាក់បញ្ចូលមុខជំនាញថ្មីៗចំនួន ១០,២០០ ទៀត។ នេះមានន័យថា កម្មវិធីសិក្សានៅតាមសកលវិទ្យាល័យជាង ៣០ ភាគរយទូទាំងប្រទេសត្រូវបានកែសម្រួល នេះបើយោងតាមទិន្នន័យពីក្រសួងអប់រំដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Xinhua។


South China Morning Post បានឱ្យដឹងទៀតថា ការកាត់បន្ថយនេះ បានផ្តោតខ្លាំងលើផ្នែកសិល្បៈ មនុស្សសាស្ត្រ ភាសាបរទេស និងការគ្រប់គ្រង ដែលជាមុខជំនាញដែលត្រូវបានចាត់ទុកកាន់តែខ្លាំងថា “ហួសសម័យ” ឬលើសតម្រូវការនៅក្នុងប្រទេសចិន ជាកន្លែងដែលយុវជនជាង ១៦ ភាគរយគ្មានការងារធ្វើ ហើយទីផ្សារការងារកំពុងត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយបញ្ញាសិប្បនិម្មិត (AI)។


ទន្ទឹមនឹងនេះ កម្មវិធីសិក្សាថ្មីៗជាច្រើនត្រូវបានរៀបចំឡើងឱ្យស្របតាមគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង។ ឧទាហរណ៍ សកលវិទ្យាល័យចំនួន ៩ បានបន្ថែមមុខជំនាញថ្មីក្នុងផ្នែក "បញ្ញាដែលមានរូបរាង" (Embodied Intelligence) ដែលស្របទៅនឹងការជំរុញថ្នាក់ជាតិដើម្បីពន្លឿនការធ្វើសមាហរណកម្ម AI ជំនាន់ក្រោយទៅក្នុងសេដ្ឋកិច្ចជាក់ស្តែង។


សកលវិទ្យាល័យនានាបានប្រឈមនឹងសម្ពាធក្នុងការបន្ស៊ាំខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលចំនួននិស្សិតបញ្ចប់ការសិក្សាបានកើនឡើងដល់កម្រិតខ្ពស់បំផុត ប៉ុន្តែនិស្សិតជាច្រើនបានរកឃើញថា សញ្ញាបត្ររបស់ពួកគេផ្ដល់ជំនួយតិចតួចប៉ុណ្ណោះក្នុងការស្វែងរកការងារធ្វើ៕

រាយការណ៍ដោយ The Khmer Daily Network
End image 1