The Khmer Daily Network Logo

International

15 June 2026 3:46 AM3 hours agoLim_Rothanaksambath

គ្រោះរញ្ជួយដីកម្រិត ៤,៧ រិចទ័រ នៅមីយ៉ាន់ម៉ា ធ្វើឱ្យរង្គឺខេត្តភាគខាងជើងប្រទេសថៃ

គ្រោះរញ្ជួយដីកម្រិត ៤,៧ រិចទ័រ នៅមីយ៉ាន់ម៉ា ធ្វើឱ្យរង្គឺខេត្តភាគខាងជើងប្រទេសថៃ
ភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦៖ សារព័ត៌មាន The Nation Thailand នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះផ្សាយឱ្យដឹងថា ពីគ្រោះរញ្ជួយដីកម្រិត ៤,៧ រិចទ័រ នៅប្រទេសមីយ៉ាន់ម៉ា ដែលឥទ្ធិពលរបស់គ្រោះរញ្ជួយដីនេះបានប៉ះទង្គិចខេត្តឈៀងម៉ៃ នៅភូមិភាគខាងជើងប្រទេសថៃ។

The Nation Thailand បានចុះផ្សាយឱ្យដឹងថា នាយកដ្ឋានឧតុនិយមថៃ (TMD) បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៤,៧ រិចទ័រ នៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានទទួលអារម្មណ៍ដឹងនៅក្នុងផ្នែកខ្លះនៃខេត្តម៉ែហុងសន និងខេត្តឈៀងម៉ៃ កាលពីព្រលឹមថ្ងៃច័ន្ទ។

ផ្នែកសង្កេតការណ៍រញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៤,៧ រិចទ័រ បានវាយប្រហារនៅខាងក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីព្រលឹមព្រឹកថ្ងៃច័ន្ទនេះ ដោយកម្លាំងរញ្ជួយត្រូវបានទទួលអារម្មណ៍ដឹងនៅតាមតំបន់ខ្លះនៃភាគខាងជើងប្រទេសថៃ។

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៣:០៧ នាទីទៀបភ្លឺ ថ្ងៃទី ១៥ ខែមិថុនា ក្នុងជម្រៅដី ៥ គីឡូម៉ែត្រ។ ចំណុចកណ្ដាលនៃការរញ្ជួយដី គឺស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយប្រហែល ៦២ គីឡូម៉ែត្រ ភាគពាយព្យនៃស្រុក Pang Mapha ខេត្តម៉ែហុងសន។

របាយការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ បានមកពីទីតាំងជាច្រើនក្នុងខេត្តម៉ែហុងសន រួមមានឃុំ Wiang Nuea ក្នុងស្រុក Pai, ឃុំ Chong Kham ក្នុងស្រុក Muang និងឃុំ Sop Pong ក្នុងស្រុក Pang Mapha។

ការរញ្ជួយក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងខេត្តឈៀងម៉ៃ រួមមានឃុំ Nong Pa Khrang និងឃុំ Suthep ក្នុងស្រុក Muang, ឃុំ Mae Raem ក្នុងស្រុក Mae Rim និងឃុំ Ban Chan ក្នុងស្រុក Galyani Vadhana៕

រាយការណ៏ដោយ៖ The Khmer Daily Network
End image 1