The Khmer Daily Network Logo

International

12 June 2026 6:24 AM4 hours agoLim_Rothanaksambath

ជីវប្រវត្តិស្ត្រីរាជវង្ស ព្រះអង្គម្ចាស់ក្សត្រីយ៍ ប៉ាក្រា គីទីយ៉ាបា ទើបសោយទិវង្គតក្នុងព្រះជន្ម ៤៧ ព្រះវស្សា

ជីវប្រវត្តិស្ត្រីរាជវង្ស ព្រះអង្គម្ចាស់ក្សត្រីយ៍ ប៉ាក្រា គីទីយ៉ាបា ទើបសោយទិវង្គតក្នុងព្រះជន្ម ៤៧ ព្រះវស្សា
ភ្នំពេញ, ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៖ ព្រះអង្គម្ចាស់ក្សត្រីយ៍ ប៉ាក្រា គីទីយ៉ាបា ព្រះនាមពេញ ''ព្រះអង្គម្ចាស់ក្សត្រីយ៍ ភជរកិត្តិយាភា ណារិនឌ្រា ទេពយ៉ាវ៉ាឌី ព្រះអង្គម្ចាស់ក្សត្រីយ៍ ហ្លួងរាជសារិនីសិរិប៉ាចរា មហាវជររាជាធីតា'' គឺជាព្រះរាជបុត្រីច្បងតែមួយគត់ក្នុងចំណោមព្រះរាជបុត្រាបុត្រីទាំង៧អង្គរបស់ព្រះបាទ Maha Vajiralongkorn (ព្រះបាទរាមាទី១០) និងព្រះមហេសីអង្គ Princess Soamsawali និងត្រូវជាព្រះរាជចៅស្រីច្បងរបស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត និងព្រះមហាក្សត្រិយានី សិរិកិត នៃប្រទេសថៃ។


ព្រះអង្គម្ចាស់ក្សត្រីយ៍ ប៉ាក្រា គីទីយ៉ាបា ប្រសូតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៧៨ នៅព្រះរាជវាំងដុសិត ទីក្រុងបាងកក។ ជាព្រះរាជបុត្រីតែមួយគត់ដែលទទួលបានគោរមងារជា "ក្រុមហ្លួង" ឋានន្តរស័ក្តិថ្នាក់ទី៣ នៃឋានៈក្រមពីព្រះរាជបិតា។ ព្រះនាមពេញនៃគោរមងាររបស់ព្រះអង្គគឺ ព្រះរាជសារិនី សិរិបាច្រា។


ព្រះនាងបានសិក្សានៅសាលាសម្រាប់កុមារី Rajini ក្នុងកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ និងបានបន្តការសិក្សានៅប្រទេសអង់គ្លេស ដោយចាប់ផ្តើមពីការសិក្សាកម្រិតមធ្យមសិក្សានៅសាលា Heathfield ក្នុងទីក្រុង Ascot និងបញ្ចប់ការសិក្សានៅសាលា Chitralada។


ក្នុងឆ្នាំ២០០០ ព្រះអង្គម្ចាស់ក្សត្រី ទទួលបានសញ្ញាបត្របរិញ្ញាបត្រច្បាប់ (LL.B.) ពីសាកលវិទ្យាល័យធម្មសាស្ត្រ និងបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ Sukhothai Thammatirat។ ឆ្នាំ២០០២ ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ (LL.M.) ពីសាលាច្បាប់ Cornell និងសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រច្បាប់ (J.S.D.) ពីសាកលវិទ្យាល័យ Cornell ក្នុងឆ្នាំ២០០៥។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ ព្រះអង្គត្រូវបានប្រទានសញ្ញាបត្របណ្ឌិតច្បាប់កិត្តិយស (LL.D.) ពីមហាវិទ្យាល័យច្បាប់ IIT Chicago-Kent។

រូបភាព៖ Khaosod Englishរូបភាព៖ Khaosod English

លុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះនាងត្រូវបានផ្ទេរពីមុខតំណែងជាព្រះរាជអាជ្ញានៅការិយាល័យអគ្គអយ្យការ ទៅកាន់បញ្ជាការដ្ឋានសន្តិសុខអង្គរក្ស ក្នុងមុខតំណែងជាសេនាធិការនៃបញ្ជាការដ្ឋានអង្គរក្សផ្ទាល់របស់ព្រះមហាក្សត្រ និងទទួលបានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍។


ព្រះនាងត្រូវបានគេចាត់ទុកជាសមាជិករាជវង្សថៃ ដែលមានសមត្ថភាពខ្ពស់បំផុតមួយក្នុងវិស័យច្បាប់ ការទូត និងកិច្ចការមនុស្សធម៌ តាមរយៈការដឹកនាំគម្រោងជាច្រើនពាក់ព័ន្ធការលើកកម្ពស់ស្ត្រី។ តាមរយៈប្រវត្តិសិក្សាដ៏លេចធ្លោ និងការចូលរួមកិច្ចការងារសង្គមជាតិជាច្រើនផ្នែក និងធ្លាប់ទទួលគ្រឿងឥស្សរិយយសជាតិ និងអន្តរជាតិ រហូតត្រូវបានគេស្គាល់ថាជា "ព្រះនាងអ្នកច្បាប់"។


នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ព្រះរាជវាំងបានប្រកាសថា ព្រះនាងបានដួលសន្លប់អំឡុងពេលហ្វឹកហាត់សត្វឆ្កែសម្រាប់ការប្រកួត "Thailand Working Dog Championship 2022" ដែលរៀបចំដោយកងទ័ពភូមិន្ទថៃ បណ្តាលមកពីបញ្ហាបេះដូង និងទៅមន្ទីរពេទ្យ Pak Chong Nana បន្ទាប់មកត្រូវបានផ្ទេរទៅមន្ទីរពេទ្យ King Chulalongkorn Memorial។


បើទោះបីជាមានការថែទាំយ៉ាងដិតដល់ និងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក៏ដោយ ស្ថានភាព ជំងឺរបស់ព្រះនាងកាន់តែអាក្រក់ទៅៗ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ ២០២៦ វេលា ម៉ោង ៧:៤៨ យប់ នៅពេលដែលព្រះនាងសោយទិវង្គតដោយសន្តិវិធី នៅមន្ទីរពេទ្យជូឡាឡុងកន សមាគម កាកបាទក្រហមថៃ ក្នុងព្រះជន្ម ៤៧ ព្រះវស្សា៕

រាយការណ៏ដោយ៖ The Khmer Daily Network
រូបភាព៖ Khaosod English
រូបភាព៖ Khaosod English
រូបភាព៖ Khaosod English
រូបភាព៖ Khaosod English
រូបភាព៖ Khaosod English
រូបភាព៖ Khaosod English