រយៈពេលប្រមាណជាង ២ ទសវត្សរ៍មកហើយ ដែលកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់តារាភាពយន្តហូលីវូដសញ្ជាតិអាមេរិក-ខ្មែរ Angelina Jolie ត្រូវបានសាយភាយពាសពេញប្រទេសកម្ពុជា ពោលគឺតាំងពីអ្នកស្រីដែលឈានជើងមកកាន់កម្ពុជាជាលើកដំបូងក្នុងឆ្នាំ២០០០ ជាពេលដែលផលិតខ្សែភាពយន្ត Lara Croft: Tomb Raider។
រឿងរ៉ាវប្រវត្តិសាស្ត្រ ធម្មជាតិ ភាពស្ងប់ស្ងាត់ និងភាពរស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា បានចងត្រព័ទ្ធចិត្តតារាភាពយន្តហូលីវូដរូបនេះតាំងពីវិនាទីដំបូងដែលឈានជើងមកដល់ស្រុកខ្មែរ។ Angelina បានបង្កើតសកម្មភាពសប្បុរសធម៌ កិច្ចការសង្គម និងមូលនិធិ «Maddox Jolie-Pitt (MJP)» ដើម្បីផ្តល់ការគាំទ្រដល់ភូមិក្នុងតំបន់ជនបទ និងជួយការពារសត្វព្រៃ និងព្រៃឈើដែលជិតផុតពូជ និងត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជប្រទានសញ្ជាតិខ្មែរ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៥។
នៅខែសីហា ឆ្នាំ២០២៥ ពាក្យចចាមអារ៉ាមបានចាប់ផ្តើមផ្សព្វផ្សាយថា តារាភាពយន្តសញ្ជាតិអាមេរិក-ខ្មែររូបនេះ កំពុងត្រៀមលក់អចលនទ្រព្យរបស់នាង បន្ទាប់ពីនាងប្រាប់ The Hollywood Reporter ថា នាងសង្ឃឹមថានឹងចាកចេញពីរដ្ឋ Los Angeles ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលកូនភ្លោះពៅក្នុងចំណោមកូនទាំង ៦ គឺ Knox និង Vivienne មានអាយុ១៨ឆ្នាំ។
គម្រោងការត្រៀមផ្លាស់ទីលំនៅអចិន្ត្រៃយ៍សម្រាប់ការចូលនិវត្តន៍របស់ Angelina Jolie ទើបតែសាយភាយឡើងវិញលើប្រព័ន្ធផ្សព្វផ្សាយសង្គម នាដើមឆ្នាំ២០២៦។ ក្នុងនោះ ប្រទេសកម្ពុជា ជាមុខព្រួញគោលដៅដែលស្ថាប័នសារព័ត៌មានអន្តរជាតិធំៗកំពុងកត់ចំណាំចាំមើល ព្រោះក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០២៤ តួឯកស្រីក្នុងរឿង «Maleficent» ធ្លាប់លើកឡើងថា តាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងលែងលះជាមួយ Pitt កាលឆ្នាំនោះ នាងត្រូវស្នាក់នៅរដ្ឋ California រហូតដល់កូនៗទាំងអស់គ្រប់អាយុ ១៨ឆ្នាំ ហើយនាងសង្ឃឹមថា នឹងចំណាយពេលវេលាច្រើននៅកម្ពុជា នៅពេលដែលនាងមានសេរីភាពក្នុងការផ្លាស់ទីលំនៅ។
សំណួរសួរថា តើ Angelina Jolie ពិតជាកំពុងលាជីវិតហ៊ឺហា លើទឹកដីទំនើបស៊ីវិល័យហូលីវូដ ហើយមករស់នៅយ៉ាងស្ងប់ស្ងាត់នៅកម្ពុជាពិតមែនឬទេ? ខណៈដើមខែមេសា ឆ្នាំ២០២៦ Angelina Jolie ទើបបង្ហាញខ្លួនលើទឹកដីខេត្តបាត់ដំបង ប្រទេសកម្ពុជាជាថ្មីម្តងទៀត ថែមទាំងបានចុះទៅពិនិត្យមើលវិទ្យាល័យសំឡូត ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការសិក្សា និងកន្លែងស្នាក់នៅរបស់សិស្ស, ចុះពិនិត្យរោងកុនប្រវត្តិសាស្ត្រ ២ នៅខេត្តបាត់ដំបង គឺ រោងកុនប្រាសាទមាស (Golden Temple Theatre) និងរោងកុនបាត់ដំបង និងបានជួបពិភាក្សាការងារជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការបន្តកិច្ចសហការលើកកម្ពស់វិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។
ផ្អែកតាមសកម្មភាពខាងលើ វាហាក់បីដូចជាមានភាពវិជ្ជមានច្រើនចំពោះពាក្យចចាមអារ៉ាមដែលលេចឮថា Angelina Jolie អាចនឹងមករស់នៅកម្ពុជាជាអចិន្ត្រៃយ៍សម្រាប់វិស្សមកាលនៃការចូលនិវត្តន៍របស់នាង ស្របពេលដែលវេបសាយព័ត៌មានអន្តរជាតិ People ទើបចុះផ្សាយអត្ថបទមួយ កាលថ្ងៃទី៥ ខែឧសភា កន្លងទៅ ក្រោមចំណងជើងថា «Angelina Jolie កំពុងលក់ភូមិគ្រឹះប្រវត្តិសាស្ត្រនៅ Los Angeles ក្នុងតម្លៃ ៣០លានដុល្លារ បន្ទាប់ពីនាងនិយាយថា នាងនឹងចាកចេញពីទីក្រុងនេះនៅពេលកូនរបស់នាងអាយុ១៨ឆ្នាំ»។
ជាមួយគ្នានោះ ស្ថាប័នព័ត៌មានអន្តរជាតិមួយទៀតឈ្មោះថា realtor.com ក៏បានចុះផ្សាយអត្ថបទព័ត៌មានពី Angelina Jolie ក្រោមចំណងជើងថា «Angelina Jolie ដាក់លក់ភូមិគ្រឹះដ៏ល្បីល្បាញរបស់នាងនៅទីក្រុង Los Angeles ក្នុងតម្លៃ ៣០ លានដុល្លារ ស្របពេលដែលមានពាក្យចចាមអារ៉ាមថានាងត្រៀមនឹងចាកចេញពីសហរដ្ឋអាមេរិកជារៀងរហូត»។
យោងតាមអត្ថបទព័ត៌មាន realtor.com បានបញ្ជាក់ថា របាយការណ៍របស់ The Wall Street Journal អចលនទ្រព្យនេះ ស្ថិតលើដីបៃតងស្រស់ស្អាតជិត ២ហិកតា ត្រូវបានដាក់លក់ដោយ Jon Grauman នៃ Resident Group និង Ernie Carswell នៃ Sotheby’s International Realty។ ឈ្មោះរបស់ Jolie មិនត្រូវបានលើកឡើងនៅក្នុងបញ្ជីលក់ ដែលបានផ្សាយនៅថ្ងៃទី៤ ខែឧសភា នោះទេ ប៉ុន្តែប្រវត្តិដ៏ល្បីល្បាញរបស់អចលនទ្រព្យនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងការពិពណ៌នា ដែលគេហៅផ្ទះនេះថា «ភូមិគ្រឹះដ៏ល្បីល្បាញ»។
ក្នុងអត្ថបទបញ្ជាក់ទៀតថា Jolie មិនទាន់ធ្វើអត្ថាធិប្បាយអំពីការដាក់លក់អចលនទ្រព្យនេះនៅឡើយទេ ហើយក៏មិនច្បាស់ថា នាងមានផែនការលក់អចលនទ្រព្យផ្សេងទៀតរបស់នាងនៅសហរដ្ឋអាមេរិកមុនពេលផ្លាស់ទៅរស់នៅបរទេសដែរឬទេ ទោះបីជានាងធ្លាប់បានបង្ហាញថា អាផាតមិនរបស់នាងនៅទីក្រុង New York បច្ចុប្បន្នត្រូវបានកូនៗរបស់នាងប្រើជាកន្លែងស្នាក់នៅបណ្ដោះអាសន្ន រួមមាន Knox, Vivienne, Maddox អាយុ 24 ឆ្នាំ, Pax អាយុ 22 ឆ្នាំ, Zahara អាយុ 21 ឆ្នាំ និង Shiloh អាយុ 19 ឆ្នាំ។
យ៉ាងណាមិញ មកទល់ពេលនេះនៅពុំទាន់មានប្រភពណាមួយអាចបញ្ជាក់ពីគម្រោងការជាក់លាក់របស់តារាភាពយន្តហូលីវូដដ៏ល្បីល្បាញនេះឡើយ ខណៈដែលកូនភ្លោះពៅទាំង ២ របស់នាងឈានចូលអាយុ ១៨ឆ្នាំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នោះបានន័យថា នៅមិនយូរទៀតទេ Angelina Jolie នឹងមានសេរីភាព អាចផ្លាស់ទីលំនៅទៅទីណាក៏បានតាមតែចិត្តនាងចង់ធ្វើ។
ទោះបីជាការពិតបែបណា Angelina Jolie អាចមកចាយជីវិតចុងក្រោយនៃការចូលនិវត្តន៍នៅកម្ពុជាឬអត់? ក៏មិត្តភក្តិ និងប្រជាជនកម្ពុជាសប្បាយចិត្តចំពោះវត្តមានតារាភាពយន្តរូបនេះលើទឹកដីព្រះរាជាណាចក្រកម្ពុជា ព្រោះបានជួយជំរុញ ជ្រោមជ្រែង និងកសាងសមិទ្ធផលជាច្រើនក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ដែលវាជះភាពវិជ្ជមានមួយផ្នែកធំដល់កម្ពុជាយើង៕